បំផ្ទុះគ្រាប់បែកទ្រង់ទ្រាយធំនៅក្នុងទីក្រុង Oslo ប្រទេស ណវ៉ែស

កាលពីថ្ងៃម្សិលម៉ិញ(២២ កក្កដា) នៅក្នុងទីក្រុង Oslo ក្នុងប្រទេស ណវ៉ែស មានការបំផ្ទុះ
គ្រាប់បែកទ្រង់ទ្រាយធំមួយ នៅជិតស្នាក់ការរបស់រដ្ឋាភិបាល ដែលបណ្តាលអោយមនុស្ស
យ៉ាងតិចណាស់ ៧នាក់បានស្លាប់បាត់បង់ជីវិត និង ជាច្រើននាក់ទៀតរងរបួស ។

តាមសំដីអ្នកនាំពាក្យរបស់រដ្ឋាភិបាល ណវ៉ែស បានអោយដឹងថា បន្ទប់ធ្វើការរបស់លោក
នាយករដ្ឋមន្ត្រីប្រទេស ណវ៉ែស លោក Jens Stoltenberg ត្រូវបានទទួលរងការខូចខាត
យ៉ាងដំណំ តែលោកនាយករដ្ឋមន្រ្តីពុំមានទទួលរងគ្រោះថ្នាក់អ្វីឡើយ ។

សមត្ថកិច្ចបានអោយដឹងថាមានមនុស្សជាច្រើនបានទទួលរងរបួសនៅក្នុងការបំផ្ទុះនេះ ។
តាមសំដីរបស់សាក្សីថា ការផ្ទុះនេះមានលក្ខណៈទ្រង់ទ្រាយធំរហូតធ្វើអោយប្រជាជនដែល
រស់នៅក្នុងទីក្រុងទាំងមូលក៏បានលឺសូរសំលេងផ្ទុះនេះដែរ ។

បច្ចុប្បន្នមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅក្នុងការបំផ្ទុះនេះឡើយ ។
ទូរទស្សន៍ក្នុងតំបន់ក៏បានធ្វើការបញ្ចាំងរបស់ខ្លួនពីទិដ្ឋភាពនៃហេតុការណ៍នេះផងដែរ ដែល
បានបង្ហាញអោយឃើញពីការខូចខាតជាច្រើននៅតំបន់មានការផ្ទុះគ្រាប់បែកនោះ ។

ផ្លូវទាំងឡាយដែលភ្ជាប់មកតំបន់មានការផ្ទុះត្រូវបានហាមឃាត់មិនអោយធ្វើចរាចរណ៍ ។
ប្រជាជននៅក្នុងតំបន់នោះត្រូវបានប្រកាសអោយធ្វើការជំលៀស ព្រោះខ្លាចក្រែងមាន
ការបំផ្ទុះណាមួយផ្សេងបន្តទៀត ៕

0 comments: