កូរ៉េទាំងពីរ យល់ព្រមងាក រកកិច្ចពិភាក្សា ៦ភាគីឡើងវិញ


បាលី, ឥណ្ឌូនេស៊ីៈ ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមងាកមក រកិច្ចពិភាក្សា ៦ភាគីឡើងវិញហើយ នៅថ្ងៃសៅរ៍ នេះ ដើម្បីនិយាយអំពីកម្មវិធី ផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ជាបន្តទៀត។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១១ ថា ប្រេសិតជាន់ខ្ពស់នុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានជួបពិភាក្សាទល់មុខគ្នា រយៈពេលពីរម៉ោង នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយ ក្នុងកិច្ចប្រជុំកំពូលតំបន់អាស៊ីសអាគ្នេយ៍ផងដែរ។ កិច្ចពិភាក្សា រវាងភាគីទាំងពីរនេះដែរ គឺមិនធ្លាប់កើតមានពីមុនមកនោះទេ ដែលវានឹងជួយសម្រួលផ្លូវ ទៅដល់ប្រទេសទាំងពីរ ដើម្បីងាកមកចាប់ផ្តើមនូវកិច្ចពិភាក្សា ៦ភាគី ឡើងវិញ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង នៅតែបដិសេធមិនព្រមដោះស្រាយ វិបត្តិនុយក្លេអ៊ែរមួយទល់នឹងមួយ ជាមួយនឹង កូរ៉េខាងត្បូងនោះទេ។ សម្រាប់កិច្ចចរចា ៦ភាគីនោះវិញ គឺរួមមានប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន និង កូរ៉េទាំងពីរ ដែលវាបានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨។
លោករដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ម៉ាទី ណាតាឡេហ្គាវ៉ា បាននិយាយថា កិច្ចពិភាក្សារវាង កូរ៉េទាំងពីរនៅពេល នេះគឺប្រកបទៅដោយលទ្ធផល ហើយ អ្វីដែលយើងសម្រេចបាននៅពេលនេះ គឺច្រើនលើសពីការរំពឹងទុកទៀត ព្រោះវានឹងដោះស្រាយបញ្ហាតំបន់ឧបទ្វីបកូរ៉េ នោះប្រកបទៅដោយសន្តិភាព៕

0 comments: