ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្ត ទីក្រុង អ៊ីនឈន់ ប្រទេសកូរ៉េ បានធ្វើដំណើរទៅបំពេញ បេសកកម្មការងារ ដោយស្ម័គ្រចិត្តក្នុងការ ជួបប្រាស្រ័យ​ទាក់ទងដោយ​ផ្ទាល់ជាមួយកុមារតូចៗ ជាកូនរបស់ប្រជាពលរដ្ឋ នៃសហគមន៍ភូមិអណ្តូង នៅអង្គការសហគមន៍ឌែលរបស់កូរ៉េ ស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក សេក ប៊ុនថាន អ្នកគ្រប់គ្រងទូទៅរបស់អង្គការសហគមន៍ឌែល បានឲ្យដឹងថា អង្គការនេះ បានទទួលកុមារតូចៗ ដែលរស់នៅសហគមន៍ភូមិអណ្តូងប្រមាណពី ៥០០ ទៅ ៦០០ នាក់ ឲ្យមកទទួលទានអាហារថ្ងៃត្រង់មួយពេល ដើម្បីរួមចំណែកក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ឪពុកម្តាយពួកគេ ព្រមទាំងជួយផ្តល់សម្លៀកបំពាក់ និងសម្ភារៈ សិក្សាខ្លះៗដល់កុមារទាំងនោះផងដែរ មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ក៏បានអញ្ជើញមកពិនិត្យសុខភាពជូនដោយមិនគិតថ្លៃក្នុងមួយសប្តាហ៍ម្តង ។
បន្ទាប់មកក្រុមយុវនស្ម័គ្រចិត្ត ទីក្រុង អ៊ីន ឈន់ ក៏បានចុះទៅពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង ដល់លំនៅដ្ឋានប្រពលរដ្ឋនៅភូមិអណ្តូង ហើយក៏បានចូលរួមដាំស្ល ចែកម្ហូបអាហារ និងលេងកម្សាន្តជាមួយកុមារទាំងអស់ យ៉ាងសប្បាយរីករាយស្និទ្ធស្នាលជាទីបំផុត ។
ក្រុមយុវជនកូរ៉េ ក៏បាននាំយកអង្ករចំនួន ៥០០ គីឡូក្រាម សាប៊ូ និងសម្ភារៈកីឡាមួយចំនួនទៀត ទៅផ្តល់ជូនអង្គការឌែល សម្រាប់ជួយឧបត្ថម្ភដល់កុមារ ព្រមទាំងបានសន្យារួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍ភូមិអណ្តូង ខណៈពេលដែលក្រុមយុវជនស្ម័គ្រចិត្តនេះ មានឱកាសបានមកបំពេញ បេសកកម្មនៅពេលក្រោយ ៕

0 comments: