កូរ៉េ​ខាងត្បូង​ក្លាយ​ជា​​ប្រទេស​ទី២៨ ​​​​ផលិត​យន្តហោះ​ផ្នែកជំនួញ​

កូរ៉េ​​ខាង​ត្បូង ​បានបង្ហាញ​យន្ត​ហោះ​​ដែល​ផលិត​​នៅក្នុង​ប្រទេស​មួយគ្រឿង​​ដំបូង​​កាលពី​ថ្ងៃទី​២០ កក្កដា ​ដោយចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំប្រឹងប្រែង​​​ក្នុង​ការ​អភិវឌ្ឍ​​យន្តហោះ​ពាណិជ្ជ​កម្ម ។ ​យន្តហោះ​​ប្រើ​កង្ហា​រមួយមាន៤​​​កៅ​អី​មួយគ្រឿងនេះ ​ធ្វើ​ឱ្យ​​កូរ៉េ​ខាងត្បូង​ក្លាយ​ជា​​ប្រទេស​ទី២៨ ​នៅលើពិភព​លោក ​ដែល​អាច​ផលិត​យន្តហោះ​ផ្នែកជំនួញ​នៅ​ក្នុង​ប្រទេស​បាន។ នេះ​បើតាមរបាយការណ៍​​​របស់ក្រសួង​​ដែន​ដី​នគរូបនីយ​កម្ម​ ការដឹកជញ្ជូន​​ និងដែនសមុទ្រ​របស់​កូរ៉េ​ខាងត្បូង ។

យន្តហោះ​ថ្មី​មួយគ្រឿងនេះដែល​មាន​ឈ្មោះថា ​​«ណារ៉ាអុន» ​ត្រូវ​បានបង្ហាញ​ជា​លើក​ដំបូង​នៅឯឧស្សាហ​កម្ម​​ផ្នែក​ហោះហើរ​​​កូរ៉េ​​​ (KIA) ក្នុង​ទីក្រុង​សា​ឈុន ភាគ​ខាងត្បូង ប្រទេស ផលិតឡើង​​មានទម្ងន់​ស្រាល ​និងមាន​ឧប​ករណ៍​​ការ​ពារ​​ធុងប្រេង ។

ក្រៅពី​នេះ KIA ​មានអំណះ​អំណាង​ថា យន្ត​ហោះ «​ណារ៉ា​អុន» ​​ប្រើប្រាស់​ថាមពល​យ៉ាង​​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​គូប្រជែង​​ដល់​ទៅ​១០% ​ហោះ​ហើរ​ក្នុង​ល្បឿន៣៨៩​​គីឡូ​​ម៉ែត្រ ​ក្នុងមួយម៉ោង​ និង​បាន​ចម្ងាយ​​ផ្លូវ​១.៨៥០​​​គីឡូ​ម៉ែត្រ ​អាចធ្វើ​ដំណើរ​ទៅ​​ដល់ទី​ក្រុងធំៗ ​នៅ​ប្រទេស​​ជប៉ុន ចិន ​និង​ប្រទេស​​ក្នុង​អាស៊ាន​​បាន​ដោយមិនចាំបាច់ចាក់​បន្ថែម​ប្រេង ។

ចំពោះតម្លៃ​ដែលកំណត់ទុក​សម្រាប់​យន្ត​ហោះ​ «ណារ៉ាអុន» គឺប្រហែល​៦០០​លានវ៉ុន ឬ​ប្រហែល​៦០០.០០០​ដុល្លារ ។​​ យន្តហោះ​ខាង​លើនេះ ​អាច​ប្រើសម្រាប់​ហ្វឹកហ្វឺន​​អាកាស​យានិក​ហោះ​ហើរ​ដើរ​កម្សាន្ត​​ និង​​អាចប្រើប្រាស់​​ជា​យន្ត​ហោះ​​ផ្ទាល់​ខ្លួនបាន​ទៀតផង ៕

0 comments: