ភ្លៀងធ្លាក់ យ៉ាងសន្ធប់ បំផ្លាញកូរ៉េទាំងពីរ


ភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងរយៈពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៦២នាក់ នៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយវាក៏បានប៉ះពាល់ទៅដល់ ប្រទេសកូរ៉េខាងជើងផងដែរ ដោយកសិដ្ឋាន ស្ពាន ផ្លូវថ្នល់ និង ផ្លូវដែកត្រូវបានបំផ្លាញដោយទឹកជំនន់ នេះបើយោងតាមការផ្សាយ របស់សារព័ត៌មានរដ្ឋាភិបាល ក្រុងព្យុងយ៉ាង។
តាមព័ត៌មានដែលបាន ចេញផ្សាយដោយគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១១ នេះថា ទូរទស្សន៍មជ្ឈិមរបស់កូរ៉េ បានផ្សាយអំពី តំបន់ ចុងដាន នៅភាគខាងត្បូងខេត្ត វ៉ាងហេ បានទទួលរងនូវទឹកភ្លៀង ដែលមានកម្ពស់ ៥២២មីលីម៉ែត្រ រយៈពេល ១២ម៉ោង កាលពីថ្ងៃអង្គារ សប្តាហ៍មុន ។
យោងតាមការបញ្ជាក់ បន្ថែមពីទីភ្នាក់ងារព័ត៌មាន យុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ផ្ទៃដីកសិកម្ម ប្រមាណជា ១៤.២០០ ហិកតា ត្រូវបានលិចលង់នៅក្នុង តំបន់ ចុងដាន ហើយនិងប្រមាណជា ១០.២០០ហិកតាទៀត នៅក្រុងយូណាន់ ដែលទាំងពីរតំបន់នេះ គឺស្ថិតនៅភាគខាងលិច នៃប្រទេស និង ភាគ ឦសាន ទីក្រុងសេអ៊ូល។
សារព័ត៌មានបានបញ្ជាក់ បន្ថែមទៀតថា មានហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ដោយភ្លៀងធ្លាក់ យ៉ាងគំហុក ដែលបង្កឲ្យមានទឹកជំនន់ និង រអិលបាក់ដី យ៉ាងធ្ងន់ធ្ងរ ដូចជា ស្ពាន ១៣កន្លែងត្រូវបានបំផ្លាញនៅក្រុង យូណាន់ ហើយផ្លូវថ្នល់ និង ផ្លូវដែកនៅក្នុងខេត្ត វ៉ាងហេ ក៏បានទទួលរងការខូតខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
ចំពោះប្រទេសកូរ៉េខាងជើងវិញ កំពុងតែមានការព្រួយបារម្ភថា ការលិចលង់ដីចំការនោះ អាចនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ ការផលិតចំណីអាហារផ្គត់ផ្គង់ ដល់ប្រជាជន ដែលកំពុងតែរងគ្រោះទុរភិក្ស ស្រាប់ទៅហើយនោះ៕
ប្រភព ដើមអម្ពិល

0 comments: