កូរ៉េ​សន្យា​ជួយ​កម្ពុជា​លើ​កំណែ​ទម្រង់​សាធារណៈ​ និង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា

រាជធានីភ្នំពេញ ៖​លោក​ឯក​ ថា ​អ្នកនាំពាក្យ​​​​អង្គភាព​ព័ត៌មាន ​និង​​ប្រតិ​កម្ម​​​រហ័ស និង​​​​​ជា​អនុប្រធាន​​នាយកដ្ឋាន​​ព័ត៌មាន​នៃ​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​ប្រាប់​​​ឱ្យ​​ដឹង​​​កាលពីរ​សៀល​ថ្ងៃទី​​​​៥ ធ្នូ ​​​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​​ថា ក្នុងជំនួប​​ពិភាក្សា​​​ការងារ​ជាមួយ​លោក​បណ្ឌិត​​សភាចារ្យ​​សុខ អាន ​​ឧប​នាយករដ្ឋមន្ត្រី​​​ រដ្ឋមន្ត្រី​​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​លោក KIM NAM Seok អនុរដ្ឋ​មន្ត្រី​ទីមួយនៃ​​​ក្រសួង​​សន្តិសុខ​​ និង​រដ្ឋបាល​សាធារណៈ​នៃ​​សាធា​រណរដ្ឋ​​​កូរ៉េ បាន​ជម្រាប​លោក​បណ្ឌិត​សភាចារ្យ​​សុខ អាន ថា កូរ៉េ​​​​ខាងត្បូង​នឹង​​បន្តជួយ​កម្ពុជា លើ​ផ្នែក​​កំណែ​ទម្រង់​​​សាធារណៈ និង​អាជ្ញាធរ​​អភិ​វឌ្ឍន៍​​ប្រព័ន្ធ​​​​ព័ត៌មានវិទ្យា​​ជាតិ(NiDA) ដើម្បី​រួម​ចំណែក​​ផ្តល់​​​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​។
លោកបណ្ឌិត​​សភាចារ្យ​សុខ អាន ​​មាន​​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាលដែលមានក្រុម​ប្រឹក្សា​​កំណែទម្រង់ (CAR) បាន​កំពុងធ្វើ​​​កា​រ​យ៉ាង​សកម្ម​​​ចាប់តាំង​ពី​ឆ្នាំ​​១៩៩៩ ​ក្នុងការងារ​​​កំណែ​​ទម្រង់​រដ្ឋបាល​​​សាធារណៈ ក្នុងនោះ​​រួម​មាន​​​ការបណ្តុះបណ្តាល​​​មន្ត្រី​ឱ្យ​​​មាន​​សមត្ថ​ភាព​​ការងារ ​ដើម្បី​​បម្រើ​​​​សេវា​កម្ម​សាធារណៈ​ឱ្យ​កាន់​តែ​ប្រសើរ​។​ កំណែទម្រង់​​​កន្លង​មក​​​​ មានការ​កាត់​បន្ថយ​​​កង​ទ័ព​ មន្ត្រី​ស៊ីវិល​ដែល​មិន​ប្រក្រតី បង្កើន​​សេវា​កម្ម​​សាធារណៈ​..​.​។
ក្នុង​​កិច្ចពិភាក្សា​នោះ លោក KIM NAM Seok ​មាន​ប្រសាសន៍​ថា ​កូរ៉េ​ខា​ងត្បូង​​​នឹង​ពិភាក្សា​ និង​ធ្វើការ​​​បន្ថែមជាមួយ​ក្រុមប្រឹក្សា​​​កំណែទម្រង់​​​​​រដ្ឋបាល​​ និង​ជា​មួយ​​ NiDA ដើម្បី​​រៀបចំ​​​​ផែនការសហប្រតិបត្តិការ​​​ទ្វេ​ភាគីឱ្យ​បាន​​​ល​ម្អិត​​​​បន្ថែម​​ទៀត មុន​ពេល​​​​បញ្ជូន​​អ្នកជំនាញ​​កូរ៉េ​មក​​​​​ជួយបណ្តុះ​បណ្តាល​ដល់​មន្ត្រីកម្ពុជា ​ឬ​ត្រូវ​​បញ្ជូន​​មន្ត្រី​​​កម្ពុជា​​​ទៅ​​សិក្សា​​ជំនាញនៅ​ប្រទេស​​កូរ៉េ​។​ កូរ៉េ​ខាង​ត្បូង​​នឹង​ជួយ​បណ្តុះបណ្តាល​​សមត្ថ​ភាព​​​ដល់​មន្ត្រី​​​ស៊ីវិល​កម្ពុជា​ផ្នែក​​​​សេវា​កម្ម​​​សាធា​រណៈ​​ ក៏ដូចជា​​​ផ្នែកព័ត៌​មាន​​វិទ្យា​​​ទំនាក់ទំនង​​​​ទ្វេភាគី​​ផ្នែកវិស័យ​​កសិ​កម្ម​​ផង​ដែរ​។ សព្វថ្ងៃ​​​​មានក្រុមហ៊ុន​កូរ៉េ​​ខាងត្បូង​កំពុង​ប្រកប​របរ​ពាណិជ្ជកម្ម​​ជាង​​៥០០​នៅ​កម្ពុជា​។
ទន្ទឹមនេះ លោក​​ឧបនាយករដ្ឋមន្ត្រី​​​សុខ អាន ​​បាន​លើក​​ទឹកចិត្ត​​​កូរ៉េ​ខាងត្បូង​​​ឱ្យជួសជុល​​ និង​​អភិរក្ស​​​​បេតិកភណ្ឌ​​​​ជាតិ​កម្ពុជា ​​នៅ​ខេត្ត​សៀម​រាប ​ក្រោយ​ពីកូរ៉េ​បាន​​​កសាង​ផ្លូវ​​​​ប្រមាណជា​​​​៣២​គីឡូម៉ែត្រ​នៅជុំវិញ​​តំបន់​អង្គរ៕

0 comments: